Tuesday, March 6, 2012

កន្លែងដែលស្ងួតបំផុតនៅលើផែនដី

វាមិនមែនជាវាលខ្សាច់សាហារ៉ា ឬកាឡាហារី នៅអាហ្វ្រិចទេ! តំបន់ស្ងួតបំផុតលើផែនដីនេះគឺនៅ​ទ្វីបអង់តាកទិច (Antarctica) ដែលតាមភូមិសាស្រ្តវិទ្យា ទ្វីបនេះស្ថិតនៅតំបន់ប៉ូលខាងត្បូង។ ទំហំ ៩៨ភាគរយ នៃផ្ទៃទ្វីបគ្របដណ្តប់ដោយទឹកកកដែលមានកម្រាស់ជាមធ្យម ១,៦ គីឡូម៉ែត្រ។

ក្រៅពីជាកន្លែងត្រជាក់​បំផុតហើយនោះ តំបន់នេះក៏ត្រូវបាន​ចាត់​ទុកថាជា​តំបន់មានខ្យល់បក់ខ្លាំង​ជាង​គេនៅ​​លើផែនដីផង​ដែរ គឺមានកម្លាំងខ្យល់ ៣០០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

តំបន់ខ្លះក្នុងទ្វីបអង់តាកទិចនេះមិនដែលបានទទួលទឹកភ្លៀងសោះរវាង ២លានឆ្នាំ មកហើយ។ តាម​ពិតទៅកម្ពស់​ទឹក​ភ្លៀង​ប្រចាំឆ្នាំ ជាមធ្យមសម្រាប់ទ្វីបនេះគឺ ២០០ ទៅ ២៥៤ មីលីម៉ែត្រ ដែលវាល​ខ្សាច់សាហារ៉ា​បានទទួល​ប្រហែល ២០ ទៅ ១០០​ មីលីម៉ែត្រ ប៉ុណ្ណោះ។

ដូច្នេះ ទ្វីបអង់តាកទិចមិនត្រឹមតែជាតំបន់ដែលត្រជាក់បំផុត និងមានខ្យល់បក់ខ្លាំងនៅលើផែនដីនេះ​ទេ តែក៏ជាតំបន់ស្ងួតជាងគេបំផុតផងដែរ។
 

Monday, March 5, 2012

អំពីរដ្ឋក្នុងសហរដ្ឋអាមេរិច

សហរដ្ឋអាមេរិច មានរដ្ឋទាំងអស់ ៥០ និងរដ្ឋធានី(ស្រុក)មួយគឺ វ៉ាស៊ីងតោន ឌីស៊ី (Washington D.C.)។
ក្នុងនោះមានរដ្ឋមួយជាដែនកោះ គឺរដ្ឋហាវ៉ៃ (Hawaii) ដែលស្ថិតនៅឆ្ងាយពីដីគោក ក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក។

មានតែរដ្ឋអាឡាស់ស្កា (Alaska) ទេដែលមានទំហំផ្ទៃដីធំជាងគេក្នុងចំណោមរដ្ឋទាំង ៥០ ហើយ​សិ្ថត​នៅដាច់ឆ្ងាយពីរដ្ឋនានា ភាគពាយ័ព្យ (ខាងជើងឆៀងខាងលិច) នៃទ្វីបអាមេរិចដែលរដ្ឋនេះ​មានព្រំ​ប្រទល់ ខាងកើតជាប់នឹងប្រទេសកាណាដា ខាងលិចជាប់នឹងប្រទេសរុស្ស៊ី (តែមិនជាប់ផ្ទាល់ទេ ព្រោះ មានចន្លោះ​មួយហៅថា ប៊ើរីង ស្រេ្ទត​ ខណ្ឌដាច់ក្នុងសមុទ្រ) ខាងជើងជាប់សមុទ្រអាកទិច និង ខាង ត្បូង និងមួយផ្នែកនៃខាងលិចជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រចកដៃ ក្រចកជើង

ក្រចកដៃ ក្រចកជើងរបស់មនុស្ស ត្រូវការពេលប្រមាណជា ៦ខែ ដើម្បីលូតលាស់ពីគល់ទៅដល់ចុង។

ផ្កាព្រៃ និងផ្កាស្រុក

ជីតាខ្ញុំធ្លាប់និយាយថា៖ «គេសម្គាល់ផ្កាព្រៃបានដោយសារតែវាគ្មានក្លិន ឯផ្កាស្រុកគឺជា​ពពួកផ្កាដែល​មានក្លិន»។

ខ្ញុំគ្រាន់តែដឹងថា មានផ្កាខ្លះដុះក្នុងព្រៃ តែមានក្លិនក្រអូបដូចគ្នានឹងផ្កាដុះក្នុងស្រុកដែរ ឬមួយគេយកវា ទៅដាំនៅក្នុងព្រៃដែលពីមុនមកវាដុះតែក្នុងស្រុក? មួយនេះខ្ញុំមិនទាន់ស្គាល់ច្បាស់ទេ ចាំរកអំណះ អំណាងពីទីផ្សេងមកបន្ថែមទៀត។

ភាពខុសគ្នានៃសត្វមានស្លឹកត្រចៀក និងឥតស្លឹកត្រចៀក

ជីតាខ្ញុំបានប្រាប់ខ្ញុំថា «...ត្រូវចំណាំថា សត្វណាដែលមានស្លឹកត្រចៀក ពោលគឺមានត្រចៀកចេញក្រៅ សត្វនោះកើតកូនមកចេញជារូបរាងភ្លាម តែសត្វឥតស្លឹកត្រចៀក ឬមានត្រចៀកនៅខាងក្នុង គឺត្រូវការ បង្កកំណើតជាពងសិនបានញាស់ជាខាងក្រោយ...»

ខ្ញុំក៏ចាប់ចំណាំបែបនោះបានច្រើនមកដែរ មានដូចជាសត្វបក្សីវាមានត្រចៀកនៅខាងក្នុង គឺគ្មានស្លឹក​ត្រចៀកទេ ដូច្នេះហើយបានជាខ្ញុំឃើញវាពងរួចញាស់ជាកូនបក្សី ។ ឯមនុស្ស កណ្តុរ គោ អីហ្នឹង ពេល កើតមកវាមានរូបរាងតែម្តង ដូចលោកតាខ្ញុំថាមែន។